Post by admin
16:41 - 08/09/2025
(ភ្នំពេញ)៖ តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ១៥០០លានដុល្លារអាមេរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក នឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាលើកដំបូង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។នៅព្រឹកថ្ងៃទី៩ ខែកញ្ញាស្អែកនេះ ជើងហោះហើរដំបូងគេ ដែលនឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែលនឹងចេញពីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅថាព្រលានយន្តហោះពោធិ៍ចិនតុង នៅមុខម៉ោង ០០៖០០នាទីយប់ឈានចូលថ្ងៃទី៩ ខែកញ្ញា។
លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា ថ្ងៃដំបូងនៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជើងហោះហើរដំបូងដែលនឹងទទួលស្វាគមន៍ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដែលនឹងចុះចតនៅវេលាម៉ោង ៨៖០០ព្រឹក និងជើងហោះហើរបន្ទាប់គឺ Singapore Airlines (SQ 155) ដែលនឹងចុះចតនៅពេលវេលាម៉ោង៨៖៤០ព្រឹក។ ជើងហោះហើរទាំងពីរនេះ ត្រូវបានទទួលស្វាគមន៍ ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់។
នៅព្រឹកថ្ងៃស្អែកនៃពិធីទទួលជើងហោះហើរដំបូងនេះ គឺមានការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ការលេងឆៃយាំ បំពាក់កម្រងផ្កា និងចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរផងដែរ។
តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតីតែម្តង។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០ លាននាក់នៅឆ្នាំ ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ ២០៥០។
បន្ទាប់ពីអាកាសយានដ្ឋានមួយនេះបើកដំណើរការគេរំពឹងថា ក្រៅពីការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា ក៏ដើរតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ដូចជា វិស័យទេសចណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជំរុញការអភិវឌ្ឍន៍វិស័យអចនទ្រព្យ និងការធ្វើពាណិជ្ជកម្មនានាជុំវិញតំបន់នោះជាដើម។
ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ ដើម្បីប្រែក្លាយជាអាកាសយានដ្ឋាន Hub ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ។
ដោយឡែកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងបិទប្រតិបត្តិការទាំងស្រុង ដោយប្រតិបត្តិការទាំងអស់ ត្រូវផ្ទេរទៅព្រលានយន្តថ្មី នៅត្រឹមម៉ោង០០៖០០នាទីយប់ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ គេមិនទាន់ដឹងថា បន្ទាប់ពីបិទប្រតិបត្តិការ ទីតាំងអាកាសយានដ្ឋាន ដែលមានអាយុកាលប្រមាណជិត៧០ឆ្នាំមួយនេះ នឹងប្រែក្លាយទៅជាអ្វីនោះទេ តែយ៉ាងណាប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជននោះឡើយ។
សម្តេចបន្ថែមថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតលើផ្ទៃជាង ៤០០ហិកតានេះ នឹងត្រូវប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។ អាកាសយានដ្ឋាននេះ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ, ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ៕
ដកស្រង់ចេញពីប្រភព៖ freshnewsasia.com