Post by admin
10:56 - 11/09/2025
(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃពុធ ទី១០ ខែកញ្ញា បាននិយាយថារដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានបើកកិច្ចសន្ទនាជាលើកដំបូងជាមួយសមាភាគីចិន របស់លោក និងបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមិនចង់មានជម្លោះជាមួយចិននោះទេ ប៉ុន្តែនឹងការពារផលប្រយោជន៍ស្នូលរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិនគឺជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ចម្បងរបស់សហរដ្ឋអាមេរិក ហើយលោក Hegseth បានធ្វើឱ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកកាលពីខែឧសភាកន្លងទៅ នៅពេលរូបលោកជំរុញ ឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបង្កើនកញ្ចប់ថវិកាយោធា បន្ទាប់ពីបានព្រមានពីអ្វីដែលលោកហៅថាជាការគំរាមកំហែងបន្ទាន់ពីចិន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយថាលោក Hegseth និងរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានបើកកិច្ចសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្មោះត្រង់ និងស្ថាបនាកាលពីថ្ងៃអង្គារកន្លងទៅនេះ។
តាមលោក Sean Parnell លោក Hegseth បានប្រាប់លោក Dong Jun ថាសហរដ្ឋអាមេរិកមិនចង់មានជម្លោះជាមួយចិននោះទេ ឬក៏មិនមែនកំពុងជំរុញ ឬស្វែងរកការផ្លាស់ប្ដូរ របបដឹកនាំ ឬក៏ច្របាច់កចិននោះឡើយ។ ប្រមុខការពារជាតិទាំង២ក៏បានឯកភាពគ្នាផងដែរថានឹងបើកកិច្ចពិភាក្សាបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានចេញបញ្ជាឱ្យប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិកទៅជាក្រសួងសង្រ្គាម ជាការផ្លាស់ប្ដូរមួយដែលតម្រូវឱ្យ មានការអនុម័តយល់ព្រមពីសភាអាមេរិកជាមុនសិន។ តាមរយៈការប្ដួរឈ្មោះនេះ លោក Hegseth ក៏នឹងត្រូវបានហៅថាជារដ្ឋមន្ត្រីសង្រ្គាមផងដែរ៕
ដកស្រង់ចេញពីប្រភព៖ freshnewsasia.com