(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសចេញទូរស័ព្ទ iPhone ស៊េរីថ្មីនៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Apple បានរក្សាតម្លៃទូរស័ព្ទថ្មីទាំងនេះឲ្យនៅដដែល ទោះបីជាក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានធ្វើឲ្យប្រាក់ចំណេញរបស់ខ្លួនថយចុះយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ផលិតផលសំខាន់ដែលក្រុមហ៊ុនបានបង្ហាញគឺ iPhone Air ដែលមានតួខ្លួនស្តើងជាងមុន និងប្រើប្រាស់ឈីប (chip) ថ្មី A19 Pro ដ៏ទំនើប។ ឈីបនេះត្រូវបានកែច្នៃឡើងដើម្បីសន្សំសំចៃថាមពលកាន់តែប្រសើរ ស្របពេលដែលថ្មរបស់ទូរស័ព្ទក៏ត្រូវបានរចនាឡើងកាន់តែស្តើង។ iPhone Air នឹងមានតម្លៃចាប់ពី ៩៩៩ដុល្លារ។
ក្រៅពី iPhone Air, Apple ក៏បានបង្ហាញទូរស័ព្ទ iPhone 17 និង iPhone 17 Pro ស៊េរីចុងក្រោយផងដែរ។ ពួកគេក៏បានចេញកាសឥតខ្សែ AirPods Pro ជំនាន់ថ្មី និងនាឡិកា Apple Watch ដែលមានមុខងារវាស់សម្ពាធឈាមទៀតផង។
អ្នកវិភាគបានលើកឡើងថា ការសម្រេចចិត្តមិនដំឡើងតម្លៃនេះ គឺជាយុទ្ធសាស្ត្ររបស់ Apple ដើម្បីទប់ទល់នឹងដៃគូប្រកួតប្រជែងដូចជា Samsung និង Google។ យោងតាមលោក Tom Mainelli អ្នកជំនាញខាងបច្ចេកវិទ្យា បាននិយាយថា Apple កំពុងព្យាយាមរក្សាតម្លៃដដែល ដើម្បីឲ្យអតិថិជនអាចមានលទ្ធភាពទិញទូរស័ព្ទថ្មីបាន ទោះបីជាត្រូវបង់ថ្លៃពន្ធគយបន្ថែមយ៉ាងណាក្តី។ ក្រុមហ៊ុន Apple ផ្ទាល់បានព្យាករណ៍ថា ពន្ធនេះនឹងធ្វើឲ្យក្រុមហ៊ុនខាតបង់ជាង ១ ពាន់លានដុល្លារ នៅក្នុងត្រីមាសបច្ចុប្បន្ន។
គួរជម្រាបថា អ្នកវិភាគផ្សេងទៀតបានបន្ថែមថា iPhone Air អាចនឹងក្លាយជាគន្លឹះដើម្បីទាក់ទាញអតិថិជននៅប្រទេសចិន ដែលទីផ្សាររបស់ Apple កំពុងធ្លាក់ចុះ។ ការបង្ហាញផលិតផលថ្មីៗរបស់ Apple ក៏បង្ហាញដែរថា ក្រុមហ៊ុននៅតែផ្តោតសំខាន់លើការបង្កើតឧបករណ៍ដ៏ទំនើប ទោះបីជាពួកគេមិនបាននិយាយច្រើនអំពីការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត (AI) ដែលជាប្រធានបទក្តៅក្នុងពេលបច្ចុប្បន្នក៏ដោយ៕