Post by admin
08:45 - 12/09/2025
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានទទួលស្គាល់ថា ក្រុមហ៊ុនចាំបាច់ត្រូវកសាងទំនុកចិត្តជាមួយបុគ្គិកឡើងវិញ។ ការសារភាពនេះធ្វើឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពុងជួបប្រទះការផ្លាស់ប្តូរដ៏សំខាន់ រួមមានការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ និងការផ្តោតលើការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
នៅក្នុងការទំនាក់ទំនងផ្ទៃក្នុង លោក Nadella បានលើកឡើងពី «ភាពអាថ៌កំបាំងនៃភាពជោគជ័យ» ដែលមានន័យថា ក្រុមហ៊ុនរាយការណ៍ពីប្រាក់ចំណេញខ្ពស់ និងតម្លៃភាគហ៊ុនឡើងថ្លៃជាប្រវត្តិសាស្ត្រ ខណៈពេលជាមួយគ្នានោះក៏បានកាត់បន្ថយបុគ្គលិករបស់ខ្លួនផងដែរ។ ស្ថានភាពនេះបាននាំឱ្យមានការខកចិត្ត និងមន្ទិលសង្ស័យក្នុងចំណោមបុគ្គលិកមួយចំនួន ដែលយល់ថាមានភាពមិនស៊ីសង្វាក់គ្នារវាងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការកាត់បន្ថយកម្លាំងពលកម្ម។ របាយការណ៍បានឱ្យដឹងថា ការបណ្តេញបុគ្គលិកចេញចំនួនជាង ១៥,០០០ នាក់ បានបង្កឱ្យមានចម្ងល់អំពីភាពយុត្តិធម៌ និងតម្លាភាពក្នុងការសម្រេចចិត្ត។
លោក Nadella តែងតែជាអ្នកគាំទ្រវប្បធម៌ «ផ្នត់គំនិតរីកចម្រើន (growth mindset)» ដោយបានផ្លាស់ប្តូរក្រុមហ៊ុនពីវប្បធម៌ «ដឹងទាំងអស់ (know-it-all)» ទៅជាវប្បធម៌ «រៀនទាំងអស់ (learn-it-all)» ។
ទោះជាយ៉ាងណាក៏ដោយ ការលំបាកថ្មីៗនេះបានដាក់សម្ពាធលើមូលដ្ឋានវប្បធម៌នេះ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរៀនសូត្របន្ត និងការសម្របខ្លួន ដោយចាត់ទុកការផ្លាស់ប្តូរបច្ចុប្បន្ននេះថាជា «ការកសាងក្រុមហ៊ុនឡើងវិញ» សម្រាប់យុគសម័យថ្មី។ការផ្តោតសំខាន់របស់ក្រុមហ៊ុនទៅលើ AI គឺជាចំណុចស្នូលនៃការផ្លាស់ប្តូរនេះ។
លោក Nadella បានបញ្ជាក់ថា Microsoft កំពុងផ្លាស់ប្តូរពី «រោងចក្រកម្មវិធី (software factory)» ទៅជា «ម៉ាស៊ីនឆ្លាតវៃ (intelligence engine)» ដែលផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អាចបង្កើតឧបករណ៍ AI ផ្ទាល់ខ្លួនរបស់ពួកគេ។ នេះទាមទារឱ្យមានការរៀបចំឡើងវិញទាំងស្រុងនូវបច្ចេកវិទ្យា និងគំរូអាជីវកម្មរបស់ក្រុមហ៊ុន ហើយការបញ្ចេញមតិរបស់លោក Nadella បានបង្ហាញថា លោកយល់ពីផលប៉ះពាល់ដល់មនុស្សក្នុងដំណើរការផ្លាស់ប្តូរនេះ និងភាពចាំបាច់ក្នុងការទទួលបានទំនុកចិត្តពីបុគ្គលិករបស់លោកមកវិញ៕
ដកស្រង់ចេញពីប្រភព៖ freshnewsasia.com